បើលោកអ្នកគ្រាន់តែអានសារអេឡិចត្រូនិចដែលបានផ្ញើមកជាអក្សរ វាពិតជាមិនអាចប៉ះពាល់អ្វីដល់លោកអ្នកឡើយ ប្រសិនបើអ្នកបានប្រើកម្មវិធីកម្ចាត់មេរោគ ឬកម្មវិធីការពារនានា ។ ផ្ទុយទៅវិញ វានឹងនាំឲ្យលោកអ្នកមានផលលំបាកនៅពេល អ្នកបើកមើល ឬប្រើ File ដែលបានភ្ជាប់ (Attachment Files) តាមសារនេះដោយមិនបានពិនិត្យគ្រប់ជ្រុងជ្រោយ ។ ប្រភេទ Files មានគ្រោះថ្នាក់ដល់លោកអ្នកគឺ .exe ដែលជាប្រភេទកម្មវិធីដំណើរការលើ Windows (បើប្រើ Mac វាមិនជាបញ្ហាចោទទេ) ប៉ុន្តែភាគច្រើន Server មិនអនុញ្ញាតឲ្យអ្នកផ្ញើភ្ជាប់ Files ប្រភេទនេះមកជាមួយទេ ។
ប្រភេទ Files ដែលអាចប៉ះពាល់ដល់លោកអ្នក
វិធីដ៏ងាយបំផុតក្នុងការពិនិត្យមើលថា តើសារណាមួយមានផលប៉ះពាល់ ឬអត់នោះគឺប្រភេទ File ដែលបានភ្ជាប់មកជាមួយ ។ ទោះក្នុងកាលទេសណាក៏ដោយ លោកអ្នកមិនត្រូវបើក Files ប្រភេទ .exe ឬប្រភេទដទៃទៀត ដែលអាចដំណើរការកូដលើម៉ាស៊ីនលោកអ្នកបានឡើយ ។ ប្រភេទ Files ទាំងនោះមានដូចជា៖ .msi, .bat, .com, .cmd, .hta, .scr, .pif, .reg, .js, .vbs, .wsf, .cpl, .jar និងដទៃផ្សេងទៀត ដែល Files ទាំងនោះអាចដំណើរការកូដបញ្ជាលើកុំព្យូទ័រលោកអ្នក ឲ្យធ្វើការមិនត្រឹមត្រូវ ឬលួចចម្លងយកទិន្នន័យលោកអ្នកយ៉ាងងាយស្រួល ពេលដែលអ្នកបានចុចឲ្យវាដំណើរការ ។មួយវិញទៀត ប្រភេទ Files របស់ Microsoft Office ក៏អាចនាំផលប៉ពាល់ផងដែរ ដូចជា File .docx, .xlsx, and .pptx (Ms. Word, Excel, PowerPoint) ប្រសិនបើ Files ទាំងនោះ មានភ្ជាប់ជាមួយ Macro ។ មុននឹងលោកអ្នកបើក (Enable) ឲ្យ Macro ដំណើរការ នៅលើ Files Ms. Word ឬ Excel សូមប្រាកដថា អ្នកដែលផ្ញើឯកសារមកនោះ ជាមនុស្សដែលលោកអ្នកស្គាល់ ឬបើមិនចាំបាច់ សូមកុំឲ្យ Macro ដំណើរការឲ្យសោះ ។
ជាទូទៅ លោកអ្នកគួរតែបើក Files ប្រភេទណាដែលលោកអ្នកគិតថាមានសុវត្ថិភាព (មកពីប្រភពជាក់លាក់ ដែលលោកអ្នកស្គាល់) ។ ចំពោះ Files មួយចំនួន ដែលលោកអ្នកអាចងាយស្រួលក្នុងការបើកមើល ដោយមិនសូវបារម្ភនោះគឺ ប្រភេទរូបភាព ដូចជា .jpg និង .png ជាដើម ។ យ៉ាងណាក៏ដោយ លោកអ្នកគួរមានកម្មវិធីការពារមេរោគ ឬ Spam ដែលអាចយាយី ចំពោះអ្នកដែលនិយមប្រើប្រាស់ ឬមើលគេហទំព័រដែលសំបូរមេរោគ (អ្នកប្រហែលដឹងហើយថា គេហទំព័រប្រភេទណាដែលសំបូរមេរោគ – xxx) ។
ប្រភេទ File Archives ដូចជា Zip, RAR
អ្នកប្រើប្រាស់កុំព្យូទ័រលើបណ្តាញអ៊ីនធឺណេត ដែលចូលចិត្តទាញយករបស់ឥតគិតថ្លៃ (Free ទាំងមេរោគមកជាមួយ) តែងតែជួបជាមួយប្រភេទ File Zip ឬ RAR នេះជាមិនខាន ។ Files Zip ឬ RAR ខ្លះទាមទារលេខកូដ ដើម្បីបំពេញទើបអាចពន្លា Files ទាំងនោះបាន ។ ភាគច្រើន ក្រុមអ្នកបំបែកកូដ Serials ឬកូដកម្មវិធីដែលគេសម្រាប់លក់ មកឲ្យអ្នកប្រើ Free Free ប្រាកដជាមានបញ្ចូលមេរោគ ឬកូដរំខានមួយចំនួនដែលអាចទាញយកអ្វីមួយ ដូចជាព័ត៌មានផ្ទាល់ ឬឈ្មោះទំនាក់ទំនង (Contacts) ដោយមិនដឹងខ្លួន ។ ប្រសិនបើលោកអ្នកទទួលបានសារពីមនុស្សមិនស្គាល់ ឬពីប្រភពមិនច្បាស់ការណ៍ណាមួយ សូមកុំពន្លាវាឲ្យសោះ ។ពិនិត្យមើលអ្នកផ្ញើសារ
មុននឹងលោកអ្នកសម្រេចចិត្តថា បើកមើលសារអេឡិចត្រូនិចណាមួយ សូមប្រាកដថា អ្នកស្គាល់ឈ្មោះ ឫអាសយដ្ឋានអ្នកប្រើឲ្យច្បាស់សិន ហើយសូមកុំទាញយក ឬបើកមើល Files ដែលភ្ជាប់មកប្រភេទណា ដែលមានបញ្ហាដូចរៀបរាប់ចំណុចខាងលើ ។ប្រសិនបើលោកអ្នកទទួលបានសារពីនរណាម្នាក់ ដែលមិនស្គាល់ ហើយទាមទារឲ្យស្វែងរកព័ត៌មានលម្អិតនៅក្នុង Files ដែលភ្ជាប់មកជាមួយនោះប្រហែលជាមានប្រភេទ Files ដែលអាចប៉ះពាល់ដល់ព័ត៌មានរបស់លោកអ្នក ឬកុំព្យូទ័រ ។ ប៉ុន្តែប្រសិនបើមិត្តភក្កិជិតស្និទ្ធរបស់អ្នកប្រាប់ថា គាត់នឹងផ្ញើសារ ដែលមានភ្ជាប់ឯកសារ Excel ជាមួយ Macro មកលោកអ្នកនោះវាប្រហែលជាគ្មានបញ្ហាអ្វីទេ ។
ប្រសិនបើលោកអ្នកទទួលបានសារ ដែលអ្នកមានអារម្មណ៍ថាប្លែក ពីអ្នកដែលលោកអ្នកស្គាល់ សូមតេទៅសួរពួកគេបញ្ជាក់ពីសារ និងប្រភេទ Files ដែលភ្ជាប់មកជាមួយ (បើមាន) ។
ការផ្ញើសារដោយខ្លួនឯង
ចំណុចដ៏សំខាន់មួយទៀត ទាក់ទងនឹងការស្នើសុំខ្ចីប្រាក់ដោយប្រការណាមួយ មិនជាក់លាក់ពីមនុស្សដែលលោកអ្នកស្គាល់ ។ មុននឹងលោកអ្នកសម្រេចចិត្តជួយ ក្នុងករណីចាំបាច់ណាមួយ សូមតេ ឬទំនាក់ទំនងជាមួយពួកគេឲ្យច្បាស់ជាមុនសិន ។ វាអាចបណ្តាលឲ្យលោកអ្នកខាតបង់ ប្រសិនបើគណនីរបស់មនុស្សដែលស្គាល់ត្រូវបានគេលួចប្រើ ក្នុងគោលបំណងអាក្រក់ណាមួយនោះ ។ លោកអ្នកនឹងអាចឃើញសារព្រមាន ពី Mail Server (Gmail ជាដើម) បើសារនោះទំនងជាប្រភេទបោកប្រាស់ ។ទទួលបាន File ដែលគិតថាមានសុវត្ថិភាព
ពេលខ្លះ លោកអ្នកអាចគិតថា Files ណាមួយមាន ឬគ្មានសវុត្ថិភាពសម្រាប់អ្នក ដោយភាពស្រពិចស្រពិល ។ លោកអ្នកគួរបើក Files ទាំងនោះជាមួយ Web Browser ដូចជា Firefox, Chrome, Safari (គួរប្រើជំនាន់ចុងក្រោយបង្អស់ – Lastest Version) ដែល Browsers ទាំងនោះ អាចជួយលោកអ្នកក្នុងការពិនិត្យមើលថា តើ Files ណាមួយមានផលប៉ះពាល់ ឬអត់ (ករណីដែល Files អាចបើកដំណើរការនៅលើ Browser ដូចជា PDF ជាដើម) ។សំបុកអាយធី បានរៀបរាប់ចំណុចសំខាន់ៗដែលលោកអ្នកគួរស្វែងយល់ក្នុងការការពារ សុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន និងកុំឲ្យប៉ះពាល់ដល់កុំព្យូទ័រផងដែរ ។ សូមគិតថា ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកពិតជាសំខាន់ ដោយមិនត្រូវឲ្យនរណាម្នាក់យកពីប្រើប្រាស់ ដោយគ្មានការអនុញ្ញាតនោះទេ ។ បើលោកអ្នកមិនបានការពារ នោះពួកគេ (Hacker) នឹងអាចយកទៅប្រើប្រាស់ដោយសេរី ថែមទាំងអាចប៉ះពាល់ដល់ខ្លួនអ្នកផងដែរ ។ ឧទាហរណ៍ដូចខាងលើ ដោយប្រើឈ្មោះលោកអ្នកទៅខ្ចីលុយគេ តើឈ្មោះនរណាអ្នកសង ក្រៅពីលោកអ្នក?
តោះ! ចាប់ផ្តើមការពារព័ត៌មានផ្ទាល់ខ្លួនពីពេលនេះទៅ! កុំបណ្តោយឲ្យមានបញ្ហា ទើបរកដំណោះស្រាយ វាអាចហួសពេល ឬគ្មានដំណោះស្រាយក៏អាចថាបាន ។
Post a Comment